Smart Logo
ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកីឡាជាតិលើកទី ៣ អមជាមួយការសម្តែងពីសិល្បៈករមកពីកម្មវិធី Pleng

ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកីឡាជាតិលើកទី ៣ អមជាមួយការសម្តែងពីសិល្បៈករមកពីកម្មវិធី Pleng

ថ្ងៃទី 21 វិច្ឆិកា 2022

ការប្រកួតកីឡាជាតិកម្ពុជាលើកទី៣ និងកីឡាប៉ារ៉ាឡាំពិកជាតិលើកទី១ បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសគឺ Smart Axiata ជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះ។ កម្មវិធី Pleng ដែលជាកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយសិល្បករល្បីល្បាញក្នុងស្រុក ដើម្បីនិពន្ធបទចម្រៀងពិសេសមួយ សម្រាប់សម្តែងផ្ទាល់ក្នុងអំឡុងពេល ពិធីបើកកម្មវិធីផងដែរ។

ពិធីបើកការប្រកួតកីឡាជាតិ បានប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីអ្នកទស្សនារាប់ពាន់នាក់​ ដែលបញ្ជាក់អំពីការកើនឡើងនៃការគាំទ្រវិស័យកីឡានៅកម្ពុជា។​

នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan បានមានប្រសាសន៍ថា “ក្រុមហ៊ុន Smart Axiata ដឹងពីតួនាទីរបស់យើង ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា ដោយក្នុងនោះវិស័យកីឡាដើរតួយ៉ាងសំខាន់។ យើងពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យកីឡានៅ​​កម្ពុជា និង​ការ​បណ្តុះបណ្តាលទេពកោសល្យ​​យុវជន​កម្ពុជា»។

ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពត កែប សៀមរាប និងព្រះសីហនុ។ កម្មវិធីនេះ ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា រហូតដល់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍  (SEA Games) និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ។ ការប្រកួត​ឆ្នាំ​នេះ ក៏មាននូវការដាក់បញ្ចូល​ការ​ប្រកួត​កីឡា​ជាតិ​ប៉ារ៉ាឡាំពិក​ថ្នាក់ជាតិ ជាលើក​ដំបូងនៅកម្ពុជា​ផង​ដែរ។ កីឡាជាតិលើកទី 3 នឹងមានការដាក់បញ្ចូល​កីឡា​សាមញ្ញ​ចំនួន ៣៨ និង​កីឡា​ប៉ារ៉ាឡាំពិក​ចំនួន ៧ ដោយ​មាន​វិញ្ញាសា​សរុប​ចំនួន ៤០៥។ ពិធីបិទកម្មវិធីជាផ្លូវការ នឹងប្រព្រឹត្តិនៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022។

សិល្បករខ្មែរកំពូល រួមមាន លោកម៉ម ពេជ្ររិទ្ធ  លោកស្រីមាស សុខសោភា លោករីម ភារម្យ លោកដួង វីរៈសិទ្ធ កញ្ញា តី និង ពូឃ្លាំង បានសម្តែងបន្តផ្ទាល់នូវបទចម្រៀងដែលទើបនិពន្ធថ្មី  ក្រោមចំណងជើង»វីរភាពកីឡា» ក្នុងពិធីបើកកម្មវិធី  អមជាមួយនឹងទស្សនីយភាពការសម្តែងដ៏អស្ចារ្យ ដែលប្រកបដោយទម្រង់សិល្បៈខ្មែរចម្រុះ មានតាំងពីរបាំព្រះរាជទ្រព្យ និងក្បាច់គុនបុរាណ ល្បុក្កតោ។

តារាខ្មែរល្បីៗផ្សេងទៀតពីកម្មវិធី Pleng – រួមមាន G-Devith ក្មេងខ្មែរ Klapyahandz Rethko និង វុទ្ធា ជាដើម ក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងពិសេសៗផងដែរ។

ពិធី​បើកកីឡាជាតិលើកទី ៣  ក៏មានការសម្តែងពី​ក្បាច់​គុន​ខ្មែរ​ផ្សេងៗ កីឡា​ជិះ​សេះ និង​ក្បួន​ដង្ហែ​របស់​អត្តពលិក ផងដែរ។ ការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុក Pleng និង Smart Axiata ដោយទទួលបានចំនួនអ្នកចូលមើលចំនួនជាង ១.៤ លានដង។

ក្រុមហ៊ុន Smart Axiata ពិតជាមានមោទនភាពក្នុងការគាំទ្រការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីការរៀបចំកីឡាជាតិលើកទី 1 នៅក្នុងឆ្នាំ ២០១៦ និងលើកទី ២ នៅឆ្នាំ ២០១៨។ ដោយមានការយល់ដឹងពីសារៈសំខាន់នៃកីឡាចំពោះរបៀបវារៈកសាងប្រទេស ក្រុមហ៊ុន Smart Axiata ប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គម ក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ។