Smart Logo
ប្រទេសកម្ពុជាចូលរួមយុទ្ធនាការទិវាសុវត្ថិភាពអ៊ីនធឺណិតសកលដើម្បីលើកកម្ពស់ កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ

ប្រទេសកម្ពុជាចូលរួមយុទ្ធនាការទិវាសុវត្ថិភាពអ៊ីនធឺណិតសកលដើម្បីលើកកម្ពស់ កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ

ថ្ងៃទី 13 កុម្ភៈ 2023

នៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ(APLE) និង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ក្នុងកិច្ចសហការជាមួយ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៣ ដោយមានការចូលរួមគាំទ្រពីសំណាក់ អង្គការពាក់ព័ន្ធ និងក្រុមហ៊ុនឯកជននានា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងយ៉ាងទូលំទូលាយអំពីសុវត្ថិភាពអ៊ីនធឺណិតដល់អ្នកពាក់ព័ន្ធរួមទាំងកុមារ ក្មេងវ័យជំទង់ ឪពុកម្តាយ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត អ្នកធ្វើច្បាប់និងគោលនយោបាយ អាជ្ញាធរ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមចំណែកក្នុងការធ្វើឱ្យអ៊ីនធឺណិតកាន់តែល្អប្រសើរ និងមានសុវត្ថិភាពសម្រាប់គ្រប់គ្នា ជាពិសេសកុមារ ។

យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៣ នេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រោមប្រធានបទរួមមួយគឺ “តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព” ដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធសរុបប្រមាណជាង ១២០០នាក់ រួមមាន មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពីរាជធានីខេត្តទាំង២៥ មន្ត្រីអនុវត្តច្បាប់ នាយក/នាយិកាសាលា គ្រូបង្រៀន មន្ត្រីតំណាងកាកបាទក្រហមកម្ពុជា តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ អ្នកសារព័ត៌មាន អ្នកផលិតមាតិកាអនឡាញ ប្រតិបត្តិករសេវាទូរគមនាគមន៍ និងកុមារ-យុវជនជាសិស្សានុសិស្ស។

លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការសកម្មភាពដើម្បីកុមារ (APLE) បានមានប្រសាសន៍ថា៖ “ការចូលរួមប្រារព្វយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិតដ៏អធិកអធមនាឆ្នាំនេះ បានបង្ហាញនូវកំណើននៃការយកចិត្តទុកដាក់ដ៏គួរឱ្យកត់សម្គាល់របស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការការពារកុមារពីគ្រោះថ្នាក់នានាដែលអាចបង្កឡើងដោយបច្ចេកវិទ្យាអ៊ីនធឺណិត ។ លោកបន្តថា កុមារ និងយុវជនវ័យក្មេងគួរត្រូវបានលើកទឹកចិត្តឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឍខ្លួន ការប្រកួតប្រជែងដ៏ធំធេង និងការពង្រីកទំនាក់ទំនងសង្គមដ៏មានសក្តានុពល ក៏ប៉ុន្តែពួកគេគួរត្រូវបានអប់រំណែនាំអំពីសុវត្ថិភាពលើអ៊ីនធឺណិត និងទទួលបានការការពារ ផ្តល់សិទ្ធិអំណាច និងគោរពនៅលើប្រព័ន្ធអនឡាញ។ ហើយតាមរយៈយុទ្ធនាការនេះ លោកសង្ឃឹមថា ការសន្ទនាអំពីសុវត្ថិភាពអ៊ីនធឺណិតនឹងចាប់ផ្តើមកើតឡើងកាន់តែទូលំទូលាយនៅក្នុងគ្រួសារ សាលារៀន សហគមន៍ និងរដ្ឋាភិបាល។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលនៅប្រទេសកម្ពុជា បាននិងកំពុងរីកចម្រើនឥតឈប់ឈរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការជម្រុញ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែ បច្ចេកវិទ្យានេះក៏ត្រូវបានប្រើប្រាស់ដោយមនុស្សមួយចំនួនសម្រាប់គោលបំណងទុច្ចរិត ដូចជាការជួញដូរខុសមនុស្សខុសច្បាប់ កេងប្រវ័ញ្ចកុមារ បោកប្រាស់ ជាដើម។ លោកជំទាវរដ្ឋលេខាធិការ ក៏រំលឹកឱ្យប្អូនៗកុមារត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យលើអ៊ីនធឺណិត ហើយកុំជឿលង់ការលួងលោម ឬការបោកបញ្ឆោតឲ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ។

មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាដែលមានវត្តមានក្នុងយុទ្ធនាការនេះបានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងដល់ការប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត និងលើកទឹកចិត្តឱ្យបន្តរៀបចំយុទ្ធនាការនេះជារៀងរាល់ឆ្នាំ និងឱ្យបានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដើម្បីធានាថាអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹង និងចូលរួមកាត់បន្ថយភាពរងគ្រោះរបស់កុមារក្នុងយុគសម័យឌីជីថល។

ការប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៣ នេះក៏ដើម្បីគូសបញ្ជាក់ថា ការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងហានិភ័យ និងគ្រោះថ្នាក់លើអ៊ីនធឺណិតចំពោះកុមារទាមទារការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយមិនអាចខ្វះបាន ហើយដើម្បីបង្ការគ្រោះថ្នាក់ទាំងនេះយើងត្រូវតែចាប់ផ្តើមនិយាយអំពីបញ្ហា និងអប់រំផ្សព្វផ្សាយអំពីវីធានការសុវត្ថិភាពដល់គ្រប់គ្នា ជាពិសេសកុមារ និងឪពុកម្តាយ។

លោកស្រី ចែម ស្រីអឿន ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន SMART Axiata ដែលចូលរួមក្នុងកិច្ចពិភាក្សាតុមូលនាយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៣ បានលើកឡើងថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគន៍ឈានមុខគេនៅកម្ពុជា ដែលតែងតែលើកកម្ពស់ការរស់នៅបែបឌីជីថល ក្រុមហ៊ុនស្មាតតែងតែយកចិត្តទុកដាក់ និងគិតគូរជាចម្បងនូវសុវត្ថិភាព សុខមាលភាពនៅក្នុងសហគមន៍ និងសង្គមដែលក្រុមហ៊ុនមានវត្តមាន។ បច្ចេកវិទ្យានាយុគសម័យឌីជីថល មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ច ទន្ទឹមនឹងនោះដែរ វាក៏អាចផ្តល់ជាផលអាក្រក់ប្រសិនបើយើងមិនបានប្រើប្រាស់វាឲ្យបានល្អ និងត្រឹមត្រូវ ជាពិសេសនៅក្នុងចំណោមជនដែលងាយរងគ្រោះក្នុងនោះមាន កុមារជាដើម។ ពួកយើងដឹងច្បាស់ពីតួនាទីរបស់ខ្លួន ហើយក៏នឹងប្តេជ្ញាចិត្តចូលរួមសហការណ៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានាដើម្បីបង្កើននូវសុវត្ថិភាពឌីជីថលជូនដល់អ្នកប្រើប្រាស់ក៏ដូចជាប្រជាជនកម្ពុជាផងដែររ៕

ការចូលរួមរបស់ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាក្នុងការបង្ការ និងឆ្លើយតបចំពោះហានិភ័យលើអ៊ីនធឺណិតគឺពិតជាមានសារ:សំខាន់ ហើយផ្នែកឧស្សាហកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយអ៊ីនធឺណិតកាន់តែល្អប្រសើរ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយ ICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅស្រុក ដើម្បីធានាថាផលិតផល និងសេវាបច្ចេកវិទ្យាទាំងនោះមានគិតគូរពីសុវត្ថិភាពរបស់កុមារ និងអាចផ្តល់បរិស្ថានអំណោយផលចៀសផុតពីហានិភ័យនានាលើប្រព័ន្ធអនឡាញ។ អ្វីដែលមានសារសំខាន់ដូចគ្នានេះគឺ ភាគីពាក់ព័ន្ធទាំងអស់គួរជួយជ្រោមជ្រែងឲ្យកុមារគ្រប់រូបក្លាយខ្លួនជា “ពលរដ្ឋឌីជីថលដ៏ល្អ” ដែលមានទាំងចំណេះដឹង សមត្ថភាពក្នុងការការពារខ្លួន និងឥរិយាបថល្អក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត ត្រូវបានប្រារព្ធឡើងដំបូងបំផុតនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០0៤ ដោយប្រទេសចំនួន១៤ (១៣ប្រទេសនៅអឺរ៉ុប និងប្រទេសអូស្រ្តាលី) តាមរយៈការសម្របសម្រួលពី បណ្តាញអង្គការជាដៃគូរបស់បណ្តាញសាលារៀននៅសហភាពអឺរ៉ុប (EUN Partnership) ក្នុងនាមគណៈកម្មាការអឺរ៉ុប។ យុទ្ធនាការនេះបានពង្រីកវិសាលភាពរបស់ខ្លួននៅសហភាពអ៊ឺរ៉ុប និងនៅតាមបណ្តាប្រទេសនានាក្នុងគ្រប់តំបន់ ហើយទទួលបានការគាំទ្រកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតមកទល់បច្ចុប្បន្ន ទិវានេះបានក្លាយជាព្រឹត្តិការណ៍សកលដ៏សំខាន់មួយ ដែលមានប្រទេស និងដែនដីប្រមាណជាង២០០ នៅទូទាំងពិភពលោកបានចូលរួមប្រារព្ធអបអរសាទរជារៀងរាល់ឆ្នាំ។